ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់ទាំង ៥ ដែលភាគច្រើននៃអ្នកចូលចិត្តញុំាកាហ្វេ តែងតែធ្វើជាប្រចាំ អ្វីដែលសំខាន់គឺ សុទ្ធតែពិបាកនឹងកែថែមទៀតផង។ តែទោះជាយ៉ាងណា អ្នកគួរតែព្យាយាមកែលម្អបញ្ហានេះឡើងវិញ ដើម្បីសុខភាពរបស់អ្នកខ្លួនឯងផ្ទាល់។
១. ផឹកកាហ្វេច្រើនពេក
ដូចដែលគ្រប់គ្នាបានដឹងហើយថា កាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន ហើយយើងមិនគួរទទួលទានជាតិកាហ្វេអ៊ីនលើសពី 400mg ក្នុងមួយថ្ងៃនោះទេ។ ប្រសិនបើការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក រាងកាយនឹងជួបប្រទះនូវផលប៉ះពាល់ដូចជា ការកើនឡើងកម្រិតនៃការធ្លាក់ទឹកចិត្ត ការថយចុះការងារ។
អ្នកដែលទទួលទានកាហ្វេច្រើនពេក អាចមានអារម្មណ៍ថប់បារម្ភ ងងុយគេង ថប់បារម្ភ គេងមិនលក់ ជំងឺរំលាយអាហារ ចង្វាក់បេះដូងកើនឡើង ថែមទាំងគំរាមកំហែងដល់អាយុជីវិតទៀតផង។
ការផឹកកាហ្វេច្រើនពេក ក៏បណ្តាលឱ្យឈឺក្បាល ក្រហាយក្រពះ នោមទាស់ បែកញើសពេលយប់ ចំពោះស្ត្រីអស់រដូវ។ លើសពីនេះ ការផឹកកាហ្វេច្រើនក៏អាចបង្កើនការឈឺចាប់ចំពោះអ្នកជំងឺរលាកសន្លាក់ហ្គោដផងដែរ។
ការផឹកកាហ្វេក្នុងកម្រិតខ្ពស់ក្នុងរយៈពេល យូរអាចធ្វើឱ្យអារម្មណ៍អ្នកប្រើមានភាពតានតឹង ធ្វើឱ្យចង្វាក់បេះដូង និងសម្ពាធឈាមកើនឡើង។

២. ផឹកលឿនពេក ឬយឺតពេក
ពេលវេលានៃការផឹកកាហ្វេក៏សំខាន់ផងដែរ។ នៅពេលអ្នកក្រោកពីដំណេកដំបូង អរម៉ូន cortisol នៅក្នុងខ្លួន គឺស្ថិតនៅកម្រិតខ្ពស់បំផុតដើម្បីជួយអ្នកឱ្យភ្ញាក់។ ដូច្នេះហើយ អ្នកជំនាញណែនាំថា អ្នកមិនត្រូវពិសាកាហ្វេទេនៅពេលនេះ។ យកល្អនៅម៉ោង ១០-១២ ព្រោះពេលនេះកម្រិត cortisol បានថយចុះ។
លើសពីនេះ អ្នកក៏មិនគួរផឹកកាហ្វេនៅពេលយប់ជ្រៅដែរ ព្រោះជាតិកាហ្វេអ៊ីនអាចបណ្តាលឱ្យអ្នកពិបាកក្នុងការគេង ឬគេងមិនលក់។
៣. ផឹកកាហ្វេនៅពេលអ្នកស្ត្រេស
នៅពេលអ្នកស្ថិតក្នុងស្ថានភាពធុញថប់ ស្ត្រេស ការផឹកកាហ្វេនឹងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។ ជាតិកាហ្វេអ៊ីននឹងប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ និងផលិតអរម៉ូនស្ត្រេស cortisol ដែលបណ្តាលឱ្យគេងមិនលក់ អស់កម្លាំង មានបញ្ហាក្នុងការយល់ដឹង។

៤. ផឹកកាហ្វេដាក់ទឹកដោះគោ ឬស្ករច្រើនពេក
ការប្រើប្រាស់ស្ករ និងទឹកដោះគោ អាចបង្កើនរសជាតិកាហ្វេ ប៉ុន្តែការប្រើប្រាស់ច្រើនពេក គឺមានគ្រោះថ្នាក់ដល់សុខភាព។ វាអាចធ្វើឱ្យអ្នកឡើងទម្ងន់ ធាត់។ លើសពីនេះ ជាតិស្ករអាចបណ្តាលឱ្យខ្សោះជាតិទឹក បង្កើនជាតិស្ករក្នុងឈាម។ ការប្រើប្រាស់ជាប្រចាំអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម។
៥. ផឹកនៅពេលអ្នកគេងមិនលក់
កាហ្វេអាចធ្វើឱ្យអ្នកភ្ញាក់ ប៉ុន្តែប្រសិនបើអ្នកគេងតិចជាង ៥ ម៉ោងក្នុងមួយថ្ងៃ សូមកុំផឹកវាអី។ ការគេងមិនលក់នឹងធ្វើឱ្យការយល់ដឹងធ្លាក់ចុះ ហើយជាតិកាហ្វេអ៊ីនមិនអាចជួយដល់ស្ថានភាពនេះបានទេ៕
ប្រភព ៖ Phunutoday / Knongsrok

