ពេលដេកអាក្រាតមនុស្សជាច្រើនគិតថា វាមិនសមរម្យឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការគេងស្រាតមិនត្រឹមតែជួយឱ្យអ្នកសម្រាកបានស្កប់ កាត់បន្ថយភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។
១. គេងស្រាតជួយឱ្យអ្នកគេងលក់ស្រួល
សម្រាប់គុណភាពនៃការគេង សីតុណ្ហភាពដើរតួនាទីយ៉ាងសំខាន់។ ការក្តៅអាចធ្វើឱ្យអ្នកភ្ញាក់ពីព្រលឹម។ វាក៏ធ្វើឱ្យកាន់តែងាយស្រួលក្នុងការក្រោកនៅពាក់កណ្តាលយប់ ទោះបីជាអ្នកស្ថិតក្នុងដំណេកជ្រៅក៏ដោយ។ ដំណាក់កាលនៃការគេងលង់លក់ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រាងកាយ ព្រោះវាជួយប្រឆាំងនឹងការឆ្លងមេរោគ និងជួយឱ្យអ្នកមានថ្ងៃថ្មីពោរពេញដោយថាមពល។
ដូច្នេះហើយ ការដេកអាក្រាតកាយ គឺជាវិធីដ៏ងាយស្រួលមួយក្នុងការធ្វើឱ្យត្រជាក់។ វាធ្វើឱ្យគុណភាពនៃការគេងរបស់អ្នកប្រសើរឡើង និងធ្វើឱ្យអ្នកមិនសូវនឿយហត់។
២. គេងអាក្រាតបង្កើនការផលិតខ្លាញ់ពណ៌ត្នោត
នៅពេលអ្នកគេងក្នុងសីតុណ្ហភាពត្រជាក់ រាងកាយរបស់អ្នកផលិតជាតិខ្លាញ់ពណ៌ត្នោតកាន់តែច្រើន។ សារធាតុនេះមានប្រសិទ្ធភាពក្នុងការបង្កើនការរំលាយអាហារដោយការដុតជាតិស្ករក្នុងឈាមធ្វើឱ្យរាងកាយមានភាពកក់ក្តៅ។ លើសពីនេះ ខ្លាញ់ពណ៌ត្នោតខ្ពស់ក្នុងរាងកាយ អាចកាត់បន្ថយហានិភ័យនៃការធាត់ និងជំងឺទឹកនោមផ្អែម។

៣. គេងស្រាតជួយឱ្យឡើងទម្ងន់តិច
ការគេងស្រាតជួយឱ្យអ្នកគេងលក់ស្រួល ដោយហេតុនេះកាត់បន្ថយហានិភ័យនៃការឡើងទម្ងន់ និងធាត់។ ចំពោះមនុស្សពេញវ័យ អ្នកដែលគេងតិចជាង ៥ ម៉ោងក្នុងមួយយប់ ទំនងជាឡើងទម្ងន់ជាងអ្នកដែលគេង ៧ ម៉ោងក្នុងមួយយប់។
៤. គេងអាក្រាតបង្កើនអ័រម៉ូនរីករាយ
ការគេងស្រាតជាមួយដៃគូនឹងជួយឱ្យអ្នកសម្រាកបានច្រើន ដោយកាត់បន្ថយកម្រិតស្ត្រេស និងការថប់បារម្ភ។
នៅពេលដែលអ្នកទាំងពីរស្និទ្ធស្នាលនឹងស្បែក វាជួយបង្កើនការផលិតអុកស៊ីតូស៊ីន ដែលត្រូវបានគេស្គាល់ថាជាអរម៉ូននៃសុភមង្គល។ វានឹងជួយកាត់បន្ថយកម្រិតស្ត្រេស ជួយឱ្យអ្នកមានអារម្មណ៍ថាមានទំនាក់ទំនងជាមួយដៃគូរបស់អ្នក និងរក្សាទំនាក់ទំនងឱ្យកាន់តែរឹងមាំ។
៥. ការគេងអាក្រាតបង្កើនការមានកូន
យោងតាមអ្នកវិទ្យាសាស្ត្រ ចំនួនមេជីវិតឈ្មោលមានការថយចុះ នៅពេលដែលបុរសស្លៀកខោទ្រនាប់តឹង។ មូលហេតុគឺនៅពេលដែលពងស្វាសមានទំនាក់ទំនងជិតស្និទ្ធជាមួយរាងកាយ វានឹងក្លាយទៅជាក្តៅ ដែលជាហេតុកាត់បន្ថយសមត្ថភាពក្នុងការផលិតមេជីវិតឈ្មោលថ្មី។ ការគេងអាក្រាតជាវិធីមួយដែលធ្វើឱ្យពងស្វាសត្រជាក់។

៦. គន្លឹះគេងអាក្រាត
– សីតុណ្ហភាពសមស្រប
យោងតាមអ្នកវិទ្យាសាស្ត្រ សីតុណ្ហភាពសមស្របបំផុតសម្រាប់ការគេងស្រាតសម្រាប់មនុស្សភាគច្រើន គឺចន្លោះពី ១៩-២១ អង្សាសេ (៦៦ – ៧០ អង្សា)។ ទោះជាយ៉ាងណាក៏ដោយ មនុស្សម្នាក់ៗនឹងមានអារម្មណ៍ស្រួលនៅសីតុណ្ហភាពបន្ទប់ខុសៗគ្នា។ ដូច្នេះ ចូរស្តាប់រាងកាយរបស់អ្នក ដើម្បីជ្រើសរើសសីតុណ្ហភាពត្រឹមត្រូវ។ សីតុណ្ហភាពក្នុងបន្ទប់គេងត្រជាក់ពេកក៏បង្កគ្រោះថ្នាក់ដល់ដំណេករបស់អ្នកដែរ។
– គ្រែដែលមានគុណភាព
គ្រែ និងខ្នើយគួរតែស្អាត ជ្រើសរើសគុណភាពល្អ ដើម្បីគេងលក់ស្រួល។ ហើយប្រសិនបើអ្នកនៅតែមិនទាន់ត្រៀមខ្លួនគេងអាក្រាត អ្នកគួរតែជ្រើសរើសខោអាវគេងដែលមានផាសុកភាព រួមទាំងខោអាវទ្រនាប់ផងដែរ ព្រោះវាក៏ផ្តល់អត្ថប្រយោជន៍ដូចគ្នាដែរ៕
ប្រភព ៖ Phunutoday / Knongsrok

